ប្រភព៖ ដើមអម្ពិល
បាត់ដំបងៈ កម្លាំងអាវុធហត្ថខេត្ត
បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣ នេះ
ពីបទ លួចមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តឡើង តាមដំបូលចូលលួចលុយគេ
កាលពីវេលាម៉ោង ៤ និង ១០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ នៅភូមិដូង
ឃុំបឹងរាំង ស្រុកកំរៀង លុះព្រឹកឡើង ទើបម្ចាស់ ផ្ទះភ្ញាក់ក៏ផ្អើលឆោឡោ
រួចប្តឹងសមត្ថកិច្ចមូលដ្ឋាន អាវុធហត្ថស្រុក ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបាន
និងរឹបអូសបាន វត្ថុតាងមួយចំនួន បញ្ជូនមកទីបញ្ជាការ អាវុធហត្ថខេត្ត
ដើម្បីចាត់ការបន្តតាមច្បាប់ ។
លោកអនុសេនីយ៍ឯក ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវ បទល្មើស
ព្រហ្មទណ្ឌអាវុធហត្ថខេត្ត បានឲ្យដឹង ថា តាមរបាយការណ៍
របស់មូលដ្ឋានអាវុធហត្ថស្រុកកំរៀង ដែលសមត្ថកិច្ចឃាត់ខ្លួនបាន
ជនសង្ស័យម្នាក់ឈ្មោះ សេង ណារ៉ុម ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ
ជាអ្នកលាងម៉ូតូ ស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ ចំណែកនារីរងគ្រោះ
មានឈ្មោះ ចាន់ ដារ៉ាយ ភេទស្រី អាយុ ៣៤ ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ។
របាយការណ៍បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនសង្ស័យបានដាក់ជណ្តើរឡើង
ទៅលើដំបូល ជនរងគ្រោះ ដោយ ប្រើវីសមួលដំបូលស័ង្កសី រួចកាច់ពីដានម្នាងសិលាចេញ
ចូលតាមបន្ទប់ទឹក រួចចូលលួចលុយ ក្នុងកាបូបជនរង គ្រោះ ខណៈនាងកំពុងដេកលក់
រួចក៏ចេញតាមដំបូលទៅវិញបាត់ ។ លុះព្រឹកឡើង នាងជាម្ចាស់ផ្ទះ ងើបឡើងដើរ
ចូលបន្ទប់ទឹក ដើម្បីមុជទឹក ស្រាប់តែឃើញដំបូលបន្ទប់ទឹករបើកអស់ នាងក៏រត់ទៅមើល
កាបូបលុយ ក៏បាត់អស់ ទៀត ទ្រព្យសម្បត្តិដែលបាត់នោះមាន លុយចំនួន ១១៦.០០០បាត
ចិញ្ចៀនពេជ្រ ២វង់ ប្លង់ដីចំនួន១សន្លឹក អត្ត សញ្ញាណប័ណ្ណ ១ សន្លឹក
សៀវភៅធនាគារ ១ ក្បាល ក្រោយពីមានការឆោឡោរួចមក នាងក៏បានប្តឹងទៅកម្លាំង
អាវុធហត្ថស្រុក ឲ្យជួយអន្តរាគមន៍ ។ ក្រោយពីបានទទួលបណ្តឹងហើយ
សមត្ថកិច្ចបានស្រាវជ្រាវ ឈានដល់ កំណត់មុខសញ្ញាបាន និងធ្វើការឃាត់ខ្លួន
ជនសង្ស័យនាំយកសួរនាំ ។
ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចលុយ ជនរងគ្រោះពិតប្រាកដមែន
ហើយបានយកលុយនេះ ទៅទិញម៉ូតូ ១ គ្រឿង តម្លៃ ៤១.២០០បាត សងគេអស់ ១៤.០០០បាត
យកលុយបាតដែលលួចបាននោះ ដូរជា ដុល្លារ ចំនួន ៣៨.៨០០ បាត លុយនៅសល់ចំនួន
២២.០០០បាត ទុកនៅក្នុងសៀវភៅក្នុងបន្ទប់ដេក ផ្ទះរបស់ ខ្លួន និងចិញ្ជៀន២វង់ ។
លោកអនុសេនីយ៍ឯក ឡាច ប្រុស បានបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ច
បានរឹបអូសបានវត្ថុតាង ដូចជាលុយនៅសល់ និងម៉ូតូ ១ គ្រឿង
បានប្រគល់ឲ្យជនរងគ្រោះវិញអស់ហើយ ឯជនសង្ស័យ ត្រូវបានការិយាល័យជំនាញ
កសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមិថុនា នេះ
ដើម្បីចាត់ការបន្តតាមច្បាប់ ៕
Related Posts :
- Back to Home »
- International news »
- បញ្ជូន ជនសង្ស័យម្នាក់ ទៅតុលាការ ពីបទ លួច មានស្ថានទម្ងន់ទោស