ប្រភព CEN
ភ្នំពេញ: អតីតសកម្មជនតំបន់បឹងកក់
បានដឹកនាំប្រជាពលរដ្ឋ នៅតំបន់បឹងកក់ ប្រមាណជិត ១០០ នាក់ បាននាំគ្នាហែរក្បួន
ដើម្បីដាក់ញត្តិជូនបណ្តាស្ថានស្ថានទូត សហគមន៍អន្តរជាតិ និងម្ចាស់ជំនួយ
រួមទាំងអង្គរការសង្គមស៊ីវិល ប្រចាំប្រទេសកម្ពុជា
ដើម្បីប្រកាសលែងទទួលស្គាល់អ្នកស្រី ទេព វន្នី ជាតំណាងរបស់ពួកគេតទៅទៀតហើយ
និងបានលាតត្រដាងការពិតពីសកម្មភាព ដែលអ្នកស្រី ទេព វន្នី បានធ្វើ
គឺដើម្បីផលប្រយោជន៍បក្ខពួកខ្លួន និងជាពិសេសធ្វើដើម្បីបម្រើគណបក្សនយោបាយ។
ការហែរក្បួនដាក់ញត្តិនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែកក្កដា
ឆ្នាំ២០១៣ ដោយបានដាក់ជូនស្ថានទូតសហរដ្ឋអាមេរិក ធនាគារពិភពលោក សហគមន៍អឺរ៉ុប
ទូតអាឡឺម៉ង់។
នៅក្នុងញត្តិបានលាតត្រដាងថា កន្លងមកឈ្មោះ ទេព វន្នី
បាននឹងកំពុងញុះញង់បោកប្រាស់ប្រជាពលរដ្ឋទាំងក្មេង
ទាំងចាស់ឲ្យក្រោកឡើងតស៊ូមតិ ដើម្បីកេងយកប្រយោជនខ្លួនឯង។
ធ្វើការប្រឆាំងតវ៉ាតាមទីសាធារណៈ និងស្ថាប័នផ្សេងៗ
ដែលមានអង្គការក្រៅរដ្ឋភិបាលមួយចំនួនរៀបចំផែនការនៅពីក្រោយ
បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ
ជាហេតុធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋទាំងអស់។
ញត្តិដដែលបានអះអាងថា
តំណាងសហគមន៍បឹងកក់ដែលមានឈ្មោះហេង មុំ. តុល ស្រីពៅ. ដួង គា. សួង សម័យ. គឹម
វណ្ណី និងវង្ស សុខេង សូមបដិសេធ និងលែងទទួលស្គាល់ឈ្មោះ ទេព វន្នី
ជាតំណាងប្រជាពលរដ្ឋតំបន់បឹងកក់តទៀត ដោយហេតុថា បុគ្គល ទេព វន្នី ជាមនុស្សខូច
បាន និងកំពុងតែគៀងគប្រជាពលរដ្ឋដើម្បីបម្រើបក្ខពួក
និងក្រុមខ្លួនព្រមទាំងបានប្រព្រឹត្តអំពើពុករលួយ ដូចជា
កេងប្រវ័ញ្ចលុយដែលបានមកពីក្រៅប្រទេស និងយកលុយទៅដាក់នៅក្នុងធនាគារ
និងមានលុយទិញសំភារៈផ្សេងៗ។
នៅក្នុងញត្តិបានបញ្ជាក់ថា “ឈ្មោះ ទេព វន្នី និងបុគ្គលមួយក្តាប់តូច
បានធ្វើការលំអៀងទៅរកគណបក្សនយោបាយ និងសង្គមស៊ីវិល មិនមែន
ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋបឹងកក់ឡើយ។ យកករណីបឹងកក់ ធ្វើអាជីវកម្ម
ដោយបង្កសកម្មភាពផ្សេងៗ ដើម្បីរកជំនួយពីអង្គការ និងសង្គមស៊ីវិលក្រៅប្រទេស
បម្រើផលប្រយោជន៍ខ្លួន។
ប្រមូលបក្ខពួក
ដែលអ្នកខ្លះមិនមែនជាប្រជាពលរដ្ឋតំបន់បឹងកក់ទាំងក្មេង
ទាំងចាស់ដើរធ្វើបាតុកម្មតវ៉ា ដោយហិង្សាជាមួយសមត្ថកិច្ច និងបិទផ្លូវ
និងបានជម្រុញឲ្យប្រជាពលរដ្ឋចាក់សាំងដុតខ្លួន គោលដៅថតយករូបភាព
មានលក្ខណៈហិង្សា ដើម្បីបង្ហាញពីភាពអសកម្មរបស់រាជរដ្ឋាភិបាល
ជូនទៅបណ្តាប្រទេសនានាលើពិភពលោក ថ្មីៗនេះ បានបង្ខំប្តី ឲ្យកោរសក់បួសជាសង្ឃ
ដើម្បីបានសិទ្ធិជ្រកកោននៅប្រទេសទី៣...”។
ជាមួយគ្នានោះ
តំណាងប្រជាពលរដ្ឋចាកចេញពីសហគមន៍បឹងកក់ បានធ្វើការអំពាវនាវដល់បណ្តាស្ថានទូត
សហគមន៍អន្តរជាតិ អង្គការសិទ្ធិមនុស្សអន្តរជាតិ និងអង្គការសង្គមស៊ីវិលនានា
ប្រចាំកម្ពុជា សូមមេត្តាឈបើទទួលស្គាល់ឈ្មោះ ទេព វន្នី និងបក្ខពួក
និងបញ្ឈបើការផ្តល់ជំនួយដល់ ទេព វន្នី
រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួនដែលនៅពីក្រោយ។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ខាងលើនេះ
អ្នកស្រី ទេព វន្នី បាននិយាយប្រាប់អ្នកកាសែតថា
ការព្យាយាមបរិហាកេរ្តិ៍ដល់រូបអ្នកស្រី ក៏ដូចជាប្រជាពលរដ្ឋសហគមន៍ ដែលចេញតស៊ូ
ដើម្បីជួយដល់ប្រជាពលរដ្ឋតំបន់បឹងកក់ ប៉ុន្តែឥឡូវបានជាគាត់
មកវាយប្រហារបរិហាកេរ្តិ៍គ្នាឯង។ អ្នកស្រីយល់ឃើញថា
នេះដោយសារតែមហិច្ឆតាច្រណែនឈ្នានីស ធ្វើឲ្យគាត់ភ្លេចខ្លួនក្បត់នូវឆន្ទះ
និងឧត្តមគតិខ្លួនឯង និងមកវាយប្រហារគ្នាឯងដើម្បីមកបំបែកសំឡេង និងបំបែកសហគមន៍
ហើយប្តឹងឲ្យអន្តរជាតិគេឈប់ទទួលស្គាល់នឹងដឹងឮ។
អ្នកស្រី
បានបញ្ជាក់ថា “ចេតនារបស់គាត់នេះ មិនមែនចង់បំផ្លាញតែខ្ញុំមួយទេ
គឺគាត់ចង់បំផ្លាញសហគមន៍បឹងកក់មួយទាំងមូល
ដែលមានចេតនាបំផ្លាញទាំងខ្លួនឯងផងដែរ”។ រឿងដែលទៅទទួលពានរង្វាន់នៅអាមេរិក
ប្រហែលជាគាត់គិតថា គេឲ្យលុយរាប់ម៉ឺនដុល្លារហើយតាមមើល គាត់យល់ច្រឡំ។
មិនមានអន្តរជាតិណាផ្តល់ជំនួយឲ្យពួកអ្នកស្រីទេ។
ការដាក់ញត្តិទៅតាមបណ្តាស្ថានទូត និងសហគមន៍អឺរ៉ុបនាពេលកន្លងមក
គឺមិនបានស្នើសុំលុយពីគេទេ
គឺស្នើសុំឲ្យគេជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋនៅតំបន់បឹងកក់៕