ប្រភព ដើមអម្ពិល
ដោយ៖ សយ សុភាព
ភ្នំពេញ៖ បុរសម្នាក់ ដែលគេមិនទាន់ស្គាល់ អត្តសញ្ញាណ និងតួនាទី
បានដកកាំភ្លើងបាញ់គំរាម ជិត១០គ្រាប់ ដោយបុរសរូបនេះអះអាងថា
មានគេគប់កញ្ចក់រថយន្តរបស់ ខ្លួន ប៉ុន្តែចៃដន្យក្បួនគណបក្សសង្រ្គោះជាតិ
ដែលមានអ្នកចូលរួមជាច្រើន នាក់ ហែទៅដល់កន្លែងកើតហេតុផងដែរ។ ហេតុការណ៍នេះ
កើតឡើងនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ
២០១៣ មន្រ្តីជាន់ខ្ពស់នគរបាល បានអះអាងថា មិនមែនជាការគំរាមកំហែង
ដល់ក្បួនដង្ហែរបស់បក្សប្រឆាំងនោះទេ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា សមាជិក សមាជិកា
គណបក្សសង្រ្គោះជាតិ ជាច្រើននាក់ កំពុងនៅកន្លែងកើតហេតុនោះ ដោយចោទប្រកាន់ថា
ការបាញ់ខាងលើនេះ ជាការគំរាមកំហែងទៅលើក្បួនដង្ហែ របស់គណបក្សប្រឆាំង។
ប៉ុន្តែមន្រ្តីនគរបាលជាន់ខ្ពស់មួយរូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
បានបញ្ជាក់ថា ជាឧប្បត្តិ ហេតុចៃដន្យ មិនមែនជាការបាញ់គំរាម
ចំពោះក្បួនដង្ហែរបស់គណបក្សប្រឆាំងនោះឡើយ។
មន្រ្តីជាន់ខ្ពស់នគរបាលរូបនេះ បានបញ្ជាក់តាមទូរស័ព្ទថា
ការផ្ទុះអាវុធខាងលើនេះ បណ្តាលមកពីម្ចាស់រថយន្ត
ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ ខឹងអ្នកគប់កញ្ចក់ រថយន្តរបស់ខ្លួន
ហើយក៏ទាញកាំភ្លើងបាញ់ជាច្រើនគ្រាប់ តែគាប់
ជួនក្បួនដង្ហែរបស់គណបក្សសង្រ្គោះជាតិ បានមកដល់ បង្កឲ្យមានការចោទ ប្រកាន់ថា
ជាការបាញ់គំរាមកំហែងតែម្តង។
មន្រ្តីនគរបាលរូបនេះ បានអំពាវនាវឲ្យមជ្ឈដ្ឋានទូទៅ ជាពិសេសថ្នាក់ដឹកនាំ
និងសមាជិក សមាជិកា គណបក្សប្រ ឆាំង កុំចាត់ទុករឿងនេះ ជារឿងនយោបាយ និងថា
ជាការគំរាមកំហែងការដង្ហែក្បួនរបស់គណបក្សប្រឆាំង។ វាជារឿងជម្លោះរវាងបុគ្គល
និងបុគ្គល ដែលសមត្ថកិច្ចនឹងចាត់ការតាមផ្លូវច្បាប់។
ព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងផងដែរថា ក្រោយផ្ទុះអាវុធនៅម៉ោង ៨
និង៣៧នាទី សមាជិកគណបក្សសង្រ្គោះជាតិ ជាច្រើននាក់ បានទៅឡោមព័ទ្ធផ្ទះបុរស
បង្កការផ្ទុះអាវុធ តែជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់
ក៏បានចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុផងដែរ។
ក្រោយកើតហេតុភ្លាមៗនោះ តំណាងរាស្រ្តមណ្ឌលភ្នំពេញ របស់គណបក្សសង្រ្គោះជាតិ
២រូប គឺលោក យឹម សុវណ្ណ និងលោក ដាំ សិដ្ឋ បានចុះទៅកាន់កន្លែងកើតហេតុ
ដំណាលគ្នាជាមួយលោកស្នងការនគរបាលរាជធានីភ្នំពេញ ជួន សុវណ្ណ។
ដល់ម៉ោង ៩យប់ ជនបង្កការបាញ់បោះ ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ព្រមទាំងនាំពួកគេទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ។
តែទោះជាយ៉ាងណា សមាជិក សមាជិកា បក្សសង្រ្គោះជាតិទាំងអស់
មិនទាន់រំសាយនៅឡើយទេ។
រហូតដល់ម៉ោង ១០យប់ថ្ងៃដដែល ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិមួយចំនួន
បានទៅកាន់ទីបញ្ជាការដ្ឋានរាជអាវុធ កន្លែងដែលសមត្ថកិច្ចកំពុងសាកសួរ
ជនសង្ស័យផ្ទុះអាវុធទាំង ៣នាក់ តែរឿងហេតុ នៃការផ្ទុះអាវុធយ៉ាងណានោះ
គេមិនទាន់ដឹងនៅឡើយទេ។
បើតាមលោក យ៉ា គឹមអ៊ី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ
បានបញ្ជាក់ថា ផ្ទះជនបង្កការបាញ់បោះទាំង៣នាក់ ត្រូវបានយាមកាមយ៉ាងយកចិត្ត
ទុកដាក់ពីសមត្ថកិច្ច ហើយសមត្ថកិច្ចក៏មិនទាន់មានការឆែកឆេរ
ឬសន្និដ្ឋានអ្វីដែរ ពោលគឺរង់ចាំដីការពីតុលាការ ដើម្បីចុះឆែកឆេរនៅពេលព្រឹក៕
Related Posts :
- Back to Home »
- Khmer news »
- បាញ់គំរាមអ្នកគប់ កញ្ចក់រថយន្ត គាប់ជួនក្បួន គណបក្សសង្រ្គោះជាតិ ហែទៅដល់