Posted by : Unknown วันพุธที่ 3 กรกฎาคม พ.ศ. 2556

ប្រភព៖ Postkhmer
ភ្នំពេញ: ក្រោយពេលដែលស្ថានីយទូរទស្សន៍ម៉ាយធីវី ដែលជាសាខាជាមួយបណ្តាញទូរទស្សន៍ស៊ីធីអិន រៀបចំការប្រកួតវាយដាក់ក្នុងទ្រុងដោយមានផ្សាយបន្តផ្ទាល់រៀងរាល់រាត្រីថ្ងៃអាទិត្យនោះ មានមជ្ឈដ្ឋានជាច្រើនសម្តែងការប្រតិកម្ម និងរិះគន់ពីកម្រិតបច្ចេកទេសនៃកីឡាកររបស់កម្ពុជាដែលពុំទាន់មានសមត្ថភាពប្រហាក់ប្រហែលជាមួយកីឡាករមកពីបរទេសនោះទេពីព្រោះការប្រកួតត្រូវគេមើលឃើញថា វាហាក់បីដូចជាយកកូនក្មេងវាយជាមួយមនុស្សចាស់។
ចំណុចអវិជ្ជមានមួយទៀតគឺថា ការប្រកួតដាក់ទ្រុងនេះ មិនបានសុំការអនុញ្ញាតពីសហព័ន្ធជំនាញសមាគមកីឡាយុទ្ធសិល្ប៍កម្ពុជាដែលបានបង្កើតឡើងដោយលោកវ៉ាត់ ចំរើន និងទទួលស្គាល់ដោយច្បាប់ត្រឹមត្រូវកាលពីដើមឆ្នាំ២០១៣និងស្ថិតនៅក្រោមគណៈកម្មាធិការកីឡាយុទ្ធសិល្ប៍កម្ពុជាដែលដឹកនាំដោយលោកនឹម សុវត្តិជាប្រធានរយៈពេលជាង២០ឆ្នាំមកហើយទេ។
ការមានចំណុចអវិជ្ជមាននៃកីឡាវាយដាក់ទ្រុងទាំងនេះ បាននាំឲ្យលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាប្រធានសមាគមកីឡាយុទ្ធសិល្ប៍ផងនោះ ធ្វើការស្នើសុំឲ្យផ្អាកការប្រកួត ដោយសារតែមិនទាន់បានបំពេញលក្ខខណ្ឌច្បាស់លាស់ពីព្រោះកីឡានេះត្រូវតែគោរពច្បាប់ប្រកួត និងត្រូវតែត្រូវគ្រប់គ្រងដោយសហព័ន្ធជំនាញ ពិសេសត្រូវគោរពតាមគោលការណ៍ប្រកួតដោយយុត្តិធម៌។ បន្ថែមជាងនេះ កីឡាត្រូវតែស្ថិតនៅក្រោមក្លិបសមាគម ឬសហព័ន្ធកីឡាជាតិមួយច្បាស់លាស់ មិនមែនសហព័ន្ធកីឡាជាតិមួយគ្រប់គ្រងកីឡាប្រភេទផ្សេងគ្នានោះទេ។
លោកវ៉ាត់ចំរើនបានលើកឧទាហរណ៍ថា៖«ដូចជាកីឡាបាល់ទាត់ប្រកួតដែរ ដោយត្រូវស្ថិតនៅក្រោមបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គោរពគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) និងបាល់ទាត់ពិភពលោក(FIFA)»។
លោកបានបន្តថា៖«មកដល់ពេលនេះយើងសង្កេតឃើញថាការប្រកួតវាយគ្នាដាក់ទ្រុងដែលប្រកួតរាល់យប់ថ្ងៃអាទិត្យនោះមានភាពមិនច្បាស់លាស់ថា ស្ថិតក្នុងសហព័ន្ធកីឡាអ្វីពីព្រោះតាមឯកសារដែលយើងឃើញការប្រកួតនោះគេដាក់ប្រធានបទថាប្រកួតកីឡាប្រដាល់ដណ្តើមខ្សែក្រវាត់កំពូលអ្នកប្រយុទ្ធគុនខ្មែរ»។
លោកបានឲ្យដឹងទៀតថា៖ «ប៉ុន្តែបើយើងពិនិត្យទៅឃើញថាគុនខ្មែរមិនមានលក្ខណៈដូចការប្រកួតវាយគ្នាដាក់ទ្រុងនោះទេ ព្រោះពេលដួលនិងដេកទៅហើយនៅបន្តវាយគ្នាបានទៀត ហើយច្បាប់ និងលក្ខខណ្ឌប្រកួត មិនដឹងថា តើប្រកួតប៉ុន្មាននាទីក្នុងមួយទឹក និងមានប៉ុន្មានទឹក?បើវាស្ថិតក្នុងលក្ខខណ្ឌមួយច្បាស់លាស់តើវាស្ថិតនៅក្នុងសហព័ន្ធស្អី?»។
លោកហែមថុននាយករដ្ឋបាលនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា៖«កីឡាត្រូវតែមានសមាគមឬក្លិបក្នុងសហព័ន្ធកីឡាជាតិណាមួយដែលមានការទទួលស្គាល់ដោយរដ្ឋអំណាចកីឡា ហើយសហព័ន្ធកីឡាមួយមានកាតព្វកិច្ចរៀបចំដឹកនាំគ្រប់គ្រងឬប្រកួតតែកីឡាមួយប្រភេទតែប៉ុណ្ណោះមិនអាចរៀបចំកីឡាប្រភេទកផងប្រភេទខផងបានទេ»។
លោកបានបញ្ជាក់ជាឧទាហរណ៍ថា៖ «ក្នុងកីឡាប្រដាល់ថ្នាក់ពិភពលោកវាមានកីឡាប្រដាល់ស្ម័គ្រចិត្តដែលត្រូវពាក់មួកការពារនិងពាក់អាវនិងកីឡាប្រដាល់អាជីព ដែលគ្មានពាក់មួកឬអាវទេ ដោយវាយគ្នារហូត១២ទឹកនិងស្ថិតក្នុងសហព័ន្ធដោយឡែកពីគ្នា»។
លោកបន្តថា៖«វាគួរតែត្រូវផ្អាកនិងរៀបចំឲ្យបានត្រឹមត្រូវព្រោះកីឡាត្រូវតែមានខ្សែបណ្តោយទាំងថ្នាក់ជាតិរហូតដល់ពិភពលោកនិងត្រូវទទួលស្គាល់ដោយអង្គការឬរដ្ឋអំណាចកីឡា»។
លោកបានបញ្ជាក់ថាលោកផ្ទាល់ដែលធ្លាប់ឆ្លងកាត់សកម្មភាពកីឡាយល់ថាមិនគួរយកពាក្យថាកំពូលអ្នកប្រយុទ្ធគុនខ្មែរនោះទេព្រោះប្រភេទកីឡារបស់ខ្មែរ មានភាពច្បាស់លាស់បើចំបាប់គឺចំបាប់ បើប្រដាល់គឺប្រដាល់។ម៉្យាងវិញទៀតកម្រិតរបស់កីឡាករកម្ពុជាដែលប្រកួតដាក់ទ្រុងសព្វថ្ងៃមិនទាន់មានកម្រិតឡើយដោយសារកីឡាប្រភេទនេះមានកម្រិតពិភពលោកដែលហាត់រៀនខ្លាំងក្លាណាស់ និងជាវប្បធម៌របស់គេហើយបើកម្ពុជាចង់ធ្វើតាមគួរធ្វើឲ្យតាមច្បាប់កីឡានិងពង្រឹងកីឡាករកម្ពុជាឲ្យរឹងមាំជាងនេះកុំឲ្យប្រកួតមិនបានមួយទឹកសន្លប់ឈឹងនោះ។
លោកតែមម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាដែលគេឃើញថា ជាប្រធានគណៈកម្មការរៀបចំការប្រកួតក្នុងកម្មវិធីកីឡាវាយដាក់ទ្រុងនោះ បានបកស្រាយថា៖ «ខ្ញុំមិនមែនជាប្រធានគ្រប់គ្រងដឹកនាំការប្រកួតដាក់ទ្រុងនេះទេគឺខាងប៉ុស្តិ៍ទូរទស្សន៍ទេខ្ញុំគ្រាន់តែជាអ្នកគ្រប់គ្រងផ្នែកបច្ចេកទេសលើចៅក្រមអាជ្ញាកណ្តាលនិងកីឡាករដែលមានប្រភពមកពីសហព័ន្ធ»។
លោកបានប្រាប់បន្ថែមទៀតថា៖ «វាជាការពិតកីឡាត្រូវតែមានសហព័ន្ធនីមួយៗដាច់ដោយឡែកពីគ្នាប្រសិនបើថ្នាក់លើតម្រូវឲ្យមានបែបបទបានត្រឹមត្រូវ គឺខ្ញុំសប្បាយចិត្តនឹងគោរពតាមពីព្រោះអ្វីៗរបស់កីឡាវាស្ថិតនៅក្រោមការដឹកនាំរបស់ក្រសួងអប់រំយុវជននិងកីឡានិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាហើយខ្ញុំជាអ្នកដឹកនាំស្ថាប័នកីឡាដែលត្រូវអនុវត្តតាម។ ទោះបីយ៉ាងណា ការអនុវត្តកីឡានេះ ក៏មានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ»៕

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

My Blog List

Followers

Related Posts Plugin for WordPress, Blogger...

- Copyright © News Khmers -Robotic Notes- Powered by Blogger - Designed by News Khmers -